លោក ឃួង ស្រេង ៖ ឆ្លើយតបនឹងបញ្ហាប្រឈម ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របពីសារៈសំខាន់ភាពជាដៃគូ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ប្រឈមមុខទៅនឹងកាលៈទេសៈ និងទស្សនវិស័យសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈម ។

ក្នុងឪកាសបិទវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក​ ឃួង ស្រេងបានថ្លែងថា “ប្រឈមមុខទៅនឹងកាលៈទេសៈ និងទស្សនវិស័យសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់ នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការលើកកម្ពស់ ការស្តារឡើងវិញ នូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមវិបត្តិនៃជំងឺកូវីដ១៩”។

លោកថា ក្នុងនោះក៏បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត ភាពធន់ និងចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។

សូមបញ្ជាក់ថា ក្រោយបិទបញ្ចប់ដោយជោគជ័យវេទិកានេះ លោក ឃួង ស្រេង បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ីដើម្បីធ្វើជាម្ចាស់ផ្ទះបន្ត នៃវេទិកានេះនៅឆ្នាំ២០២៣៕ ដោយ៖ រិន ចំរើន