ខេត្តសៀមរាបទាក់ទាញជើងយន្តហោះបរទេសចំនួន១៥-១៦ជើងក្នុង១ថ្ងៃ

សៀមរាប៖ ខេត្តសៀមរាបបានទាញទាញជើងយន្តហោះបរទេសឱ្យចូលក្នុងខេត្តនេះមានចំនួនចាប់ពី១៥-១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ។ នេះបើតាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះបានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។

ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕ ដោយ៖ពុទ្ធិពល