ភ្នំពេញ៖ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ បានរៀបចំ សក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាស ស្តីពី «ការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មសេវាកម្មម៉ាស្សា និងស៉្បា »តាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom។
សិក្ខាសាលានេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងទេសចរណ៍ និង លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត និងប្រតិបត្តិករទេសចរណ៍ក្នុងសេវាកម្មម៉ាស្សា និងស៉្បា សរុបប្រមាណ ២០០នាក់។
ការកែសម្រួលឡើងវិញនូវបទដ្ឋានគ្រប់គ្រងសេវាកម្មម៉ាស្សា និងស្ប៉ានេះធ្វើឡើងដើម្បីស្របតាមសភាពការណ៍បច្ចុប្បន្ន ក្នុងមូលហេតុធំៗចំនួន ០៣គឺ៖
ទី១.) ពង្រឹងបន្ថែមនូវគុណវុឌ្ឍ និងជំនាញរបស់បុគ្គលិកម៉ាស្សា ពិសេសចំណេះដឹងពាក់ព័ន្ធនឹងនីតិវិធីប្រតិបត្តិក្នុងជំនាញវិជ្ជាជីវៈស្របតាម និយាមសុខាភិបាល អនាម័យ ជាពិសេសការបង្ការការចម្លងជាយថាហេតុ។
ទី២.) ឆ្លើយតបនឹងផែនការសកម្មភាពដូចមានកំណត់ក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រង់ចំនុច ១.២.២.២ ស្តីពីការផ្សព្វផ្សាយកម្ពុជា ជា “គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព” ការបង្កើតយុទ្ធសាស្ត្រទំនាក់ទំនង និងបង្កើតយន្តការច្បាស់លាស់ដើម្បីកសាងភាពជឿទុកចិត្តនិងភាពជឿជាក់ពីភ្ញៀវទេសចរ និង
ទី៣.)ចូលរួមពង្រឹងគុណភាពសេវាកម្មស្របតាមស្តង់ដាសេវាកម្មស៉្បាអាស៊ានសម្រាប់ការដាក់ពិគ្រោះយោបល់នាថ្ងៃនេះ គឺ៖ ទី១).ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មសេវាកម្មម៉ាស្សា និង ទី២). ប្រកាសស្តីពីការផ្តល់អាជ្ញា បណ្ណទេសចរណ៍ដល់អាជីវកម្មសេវាកម្មស៉្បា ដែលសេចក្តីព្រាងប្រកាសទាំង២នេះ ចែកជា ៦ជំពូក និង៣២ប្រការដូចគ្នា៕ ដោយ៖ ពុទ្ធិពល