សៀមរាប៖ ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូចនិងវង់ធំផង។
កំពូលខ្លោងទ្វារ ដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយចម្លាក់ទេវតានិងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់ ម្ខាងៗមានចំនួន៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញដោយកសិន្ធុទឹកនេះមានសោភ័ណល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលគេធ្វើដំណើរមកដល់ទីនោះ មិនអាចហួសរំលងទេដោយគេតែងតែចុះមកទស្សនាស្វែងយល់ និងថតយករូបភាពមិនដែលខាន។
ប្រធានក្រុមភ្នាក់ងារទេសចរ ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ខឿន កុសល ឱ្យដឹងថា ក្រោយពីចំនួនភ្ញៀវទេសចរ បានកើនឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខ្លោងទ្វារទន្លេអុំមានភាពមមាញឹកខ្លាំង។ ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរលើសពី១ពាន់នាក់។
លោក កុសល បន្តថា ដោយសារខ្លោងទ្វារទន្លេអុំជាច្រកចេញចូលសំខាន់នៃក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទៅទស្សនារមណីដ្ឋានអង្គរ វង់តូច និងវង់ធំផងនោះ ចរាចរណ៍មានការមមាញឹកខ្លាំងជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រុមការងារបានសហការណ៍ជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍និងរក្សាសណ្តាប់ធ្នាប់នៅទីនោះ ឱ្យមានភាពប្រសើរ ដោយធ្វើយ៉ាងណាជៀសវាងការកកស្ទះ សម្រួលឱ្យលំហូរទស្សនារបស់ភ្ញៀវបានរលូន មិនរំខានដល់ការទស្សនារបស់ទេសចរឡើយ។
អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ដែលបានមកទស្សនារមណីយដ្ឋានអង្គរទាំងឡាយ សូមចូលរួមគោរពនូវក្រមប្រតិបត្តិអង្គរទាំងអស់គ្នា ដោយកុំស្លៀកពាក់សម្លៀកបំពាក់ខើចខ្លីពេក ដែលមិនស័ក្តិសមនឹងទីតាំងនៃបូជនីយេសក៍ ពិសេសប្រាង្គប្រាសាទ។
មួយវិញទៀត សូមក្រុមហ៊ុនដឹកអ្នកដំណើរ ម៉ូតូកង់បី មេត្តាចតយានជំនិះ ទៅតាមកន្លែងដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកតម្លៃរមណីយដ្ឋានអង្គររបស់យើងទាំងអស់គ្នា៕ ដោយ៖ ពុទ្ធិពល