ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) នាថ្ងៃទី០២ ធ្នូ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតល្មួតលើគ្រប់វិស័យ ហើយតាមរយៈលទ្ធផលនៃវេទិកា និងកិច្ចប្រជុំនេះ យើងនឹងបន្តពិភាក្សាដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ឃួង ស្រេង បានបន្តថា នៅក្នុងកាលៈទេសៈនេះ កិច្ចសហប្រតិបត្តិការតាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយគ្នា គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឱ្យយើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។
អភិបាលរាជធានីភ្នំពេញរូបនេះបានបញ្ជាក់ថា ប្រធានបទ សម្រាប់កិច្ចប្រជុំទាំងពីររបស់យើងនាពេលនេះ គឺសុទ្ធសឹងតែផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបានគោលដៅមួយ ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ។ ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺអាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ។
សូមបញ្ជាក់ថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) មានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីដោះស្រាយបញ្ហាប្រឈម មកលើផលប្រយោជន៍ទៅវិញទៅមកនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងស្វែងរក និងសម្រេចបានវិធីសាស្ត្រ និងភាពច្នៃប្រឌិតថ្មី ៗ ឆ្ពោះទៅរកការកសាងទីក្រុង ប្រកបដោយភាពឆ្លាតវៃ មានភាពធន់ និងមានចីរភាព ។ ការណ៍នេះ នឹងរួមចំណែកដល់ការស្តារឡើងវិញឱ្យកាន់តែរឹងមាំ បន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។
រៀងរាល់ឆ្នាំរាជធានី ឬរដ្ឋធានី នៃបណ្តាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ខណៈវេទិកា AFM និងកិច្ចប្រជុំ MGMAC នេះ មានសារៈសំខាន់ក្នុងការអនុញ្ញាត ឱ្យបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើ បញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយ អាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈ នៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅ ក្រោយវិបត្តិជំងឺកូវីដ-១៩ ៕ ដោយ៖ គង់ សេដ្ឋាមុនី