បាត់ដំបង គ្រោងនឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបង

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងនាពេលខាងមុខនេះ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលអភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សុខ លូ បានឱ្យដឹងថា ការផ្លាស់ប្ដូរទីតាំងលក់របស់ពួកគាត់ ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីនេះ ដោយទីតាំងចាស់នឹងជំនួសដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារសម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។

ដោយឡែក ចំពោះអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនោះ លោក សុខ លូ បញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ពោលគឺរដ្ឋបាលខេត្តនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគាត់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលឡើយ។

ទន្ទឹមនឹងនោះដែរ អាជីវករដែលលក់ដូរនៅតាមផ្សាររាត្រី និងនៅវិថីម្ហូបអាហារបច្ចុប្បន្ននេះ ក៏បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំទីតាំងលក់ដូរថ្មីរបស់អាជីវករទៅផ្សាររាត្រីបាត់ដំបងថ្មីមួយនេះ ហើយគាត់សង្ឃឹមយ៉ាងមុតមាំថា ទីតាំងថ្មីនេះជាទីតាំងដែលធ្វើឱ្យគាត់បង្កើនការលក់ដូរឱ្យកាន់តែល្អប្រសើរជាងមុន ជាមួយនឹងបរិយាកាសថ្មី សោភ័ណភាពថ្មីដែលអាចបំពេញចិត្តដល់អតិថិជនរបស់គាត់បានកាន់តែច្រើនមួយកម្រិតទៀត ។

គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងផ្សាររាត្រីថ្មី ដែលរដ្ឋបាលខេត្តគ្រោងនឹងធ្វើការសាងសង់នាពេលខាមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ ហើយកន្លងមកក៏មានជនអនាថា ជនញៀនគ្រឿងញៀន ឬជនវិកលចរិកមួយចំនួនបានមកស្នាក់នៅ បំផ្លិចបំផ្លាញសួនច្បារនេះ បង្កឱ្យរងនូវការខូចខាតសម្បត្តិសាធារណៈមួយចំនួនផងដែរ ហើយចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអមុខមាត់សួនច្បារនេះឱ្យកាន់តែស្រស់ស្អាតជាងមុននិងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតផងដែរ ៕ ដោយ៖ សៀងហៃ