ប្រធានមន្ទីររ៉ែខេត្តកែប មិនអាចទទួលការចារលើលិខិតរបស់អភិបាលខេត្តថាខ្លួន ធ្វើការគ្មានសីលធម៌ និងមិនសុំយោបល់

ភ្នំពេញ ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចារលើលិខិតមួយទៅលើប្រធានមន្ទីររ៉ែខេត្តថា “ធ្វើការគ្មានសីលធម៌ មិនសុំយោបល់”។ ចំពោះករណីនេះ លោកស្រី មាស មករា ប្រធានមន្ទីររ៉ែ និងថាមពលបានធ្វើលិខិតជូនអភិបាលខេត្តនាថ្ងៃ២៨ វិច្ឆិកា ដោយបញ្ជាក់ថា លោកស្រីមិនអាចទទួលយកបានទេ។

ការធ្វើលិខិតរបស់លោកស្រីប្រធានមន្ទីរនេះ ធ្វើឡើងមុនក្រោយគ្នា៤ថ្ងៃ។

ការចារលើលិខិតរបស់អភិបាលខេត្តទាក់ទងលើករណី ដឹករ៉ែធ្វើអាជីវកម្មនៅតំបន់ភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

បើតាមលិខិតរបស់លោកស្រីបញ្ជាក់ថា “ស្នើសុំសម្រួលពាក្យថា នាងខ្ញុំធ្វើការគ្មានសីលធម៌ មិនសុំយោបល់ និងពាក្យពេចន៍មួយចំនួនដែលមិនសមរម្យ នាងខ្ញុំទទួលយកពុំបានឡើយ”។

ជាមួយគ្នានេះដែរលោកស្រីបន្តថា បន្ទាប់ពីលោកអភិបាលខេត្តចារលើលិខិតរួចនាថ្ងៃ២៤ វិច្ឆិកា ស្រាប់តែនាថ្ងៃ២៥ វិច្ឆិកា លោកស្រីបានចូលរួមប្រជុំនៅសាលាខេត្តកែប នៅពេលលោក សោម ពិសិដ្ឋអភិបាលខេត្តក៏បានប្រើភាសាមិនសមរម្យជា ច្រើនមកលើរូបលោកស្រី។

ក្នុងនោះលោកស្រីថា “ធ្វើឲ្យនាងខ្ញុំទទួលនូវការឈឺចាប់យ៉ាងខ្លាំង”។

លោកស្រីបានបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនថា “ម្យ៉ាងទៀតនាងខ្ញុំ អនុវត្តតួនាទីភារកិច្ចមានការទទួលខុសត្រូវខ្ពស់ ដោយទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំក្រសួងភ្លាម នាងខ្ញុំបានចាត់មន្ត្រីជំនាញ ចុះពិនិត្យដល់ទីតាំងធ្វើអាជីវកម្មធនធានរ៉ែគ្មានច្បាប់ ហើយនាងខ្ញុំបានធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ចំពោះករណីខាងលើនេះយ៉ាងលម្អិត”៕ ដោយ៖ រិន ចំរើន