ក្រុមហ៊ុន៤ ស្នើសុំសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ភ្នំពេញ ៖ ដូចការគ្រោងទុកមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីធ្វើការសិក្សាផ្លូវ ល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា «ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិទ្ធសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ។ ប៉ុន្ដែលទ្ធផលនេះមិនទាន់ផ្ដល់ជូនមកក្រសួងឡើយទេ ខ្ញុំជឿជាក់ថា ថ្ងៃមុខ យើងនឹងមានផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ផងដែរ»។

លោកទេសរដ្ឋមន្ដ្រី ក៏បានរំលឹកឡើងវិញថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុចំនួន១ខ្សែហើយ នាពេលថ្មីៗនេះខណៈ ក្រសួងក៏កំពុងចរចាកសាងផ្លូវល្បឿនលឿន ភ្នំពេញ-បាវីត ដោយចំណាយថវិកាជិត ១៧០០លានដុល្លារ ផងដែរ៕ ដោយ៖ រិន ចំរើន