ក្រសួង ជំរុញពលរដ្ឋប្រើរថយន្តអគ្គិសនី ខណៈឆ្នាំ២០៣០ អឺរ៉ុបឈប់លក់រថយន្ដប្រើប្រេងឥន្ទនៈ ជំនួសមកវិញរថយន្តអគ្គិសនី

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្ដអគ្គិសនីកើនឡើង៥៥៦គ្រឿង ខណៈក្រសួងលើកទឹកចិត្តប្រជាពលរដ្ឋប្រើប្រាស់រថយន្តប្រភេទនេះ ដើម្បីកាត់បន្ថយបំពុលបរិស្ថាន ព្រោះខាងអឺរ៉ុបនឹងឈប់លក់រថយន្ដប្រើប្រេងឥន្ទនៈ ជំនួសមកវិញរថយន្តអគ្គិសនីនៅឆ្នាំ២០៣០។

ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “ក្រសួងជំរុញប្រជាពលរដ្ឋប្រើប្រាស់ ម៉ូតូ ឬរថយន្ដអគ្គិសនី ខណៈនៅឆ្នាំ២០៣០ខាងមុខ ប៉ែកអឺរ៉ុប នឹងឈប់លក់រថយន្ដប្រើប្រេងឥន្ទនៈ ដោយជំនួសមកវិញនូវរថយន្តអគ្គិសនី”។

ការជំរុញរបស់លោកនេះ ដោយសារលោកមើលឃើញពលរដ្ឋប្រើរថយន្តអគ្គិសនីកើនឡើងល្មម។

ដោយលោកបញ្ជាក់ថា តាមការកត់សម្គាល់រៈពេល ១០ខែ ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជីរថយន្ដអគ្គិសនីប្រហែល ៥៥៦គ្រឿង បើប្រៀបធៀបរយៈពេល ១០ខែ ឆ្នាំ២០២១ បានចុះបញ្ជីតែ៤១ គ្រឿង ដូច្នេះកើនច្រើន។

លោកថា ហើយមួយឆ្នាំៗ នឹងមានការកើនឡើង នូវរថយន្ដប្រើប្រាស់ ថាមពលអគ្គិសនីនេះឯង។

លោកក៏បានអំពាវនាវដល់វិស័យឯកជនមកធ្វើការវិនិយោគ កន្លែងបញ្ចូលថាមពលយានយន្តអគ្គិសនី នៅកម្ពុជាផងដែរ៕ ដោយ៖ រិន ចំរើន