WB ៖ ជំងឺរាតត្បាតបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃ២៨ វិច្ឆិកា បានចេញរបាយការណ៍មួយដោយបង្ហាញថា ជំងឺរាតត្បាតបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងនោះWBបានរៀបរាប់ថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាលចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនេះ បានកើនឡើងវិញក្នុងពេលថ្មីៗនេះ។ ក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពីកម្រិត ៣៣.៨% មកនៅត្រឹម១៧.៨% ដោយជួយឲ្យប្រជាជនកម្ពុជា ជិត២លាន នាក់បានរួចផុតពីភាពក្រីក្រ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០ មក អត្រានេះបានកើនឡើង២.៨ភាគរយ ។ មានន័យថា ប្រជាជនប្រហែល៤៦០ ០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

ប្រភពដដែលបន្ដថា ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូល យ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឲ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

របាយការណ៍នេះ ក៏បានលើកអនុសាសន៍ឲ្យកម្ពុជាគួរពិចារណាលើអន្តរាគមន៍ ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះ អាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕ ដោយ៖ រិន ចំរើន