ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប រួមគ្នាគាំទ្រពីគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប រួមគ្នាការគាំទ្រពីគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា និងគម្រោង «ការកសាងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធទីក្រុងតាមរយៈការបន្ស៊ាំ ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(Urban EBA Asia)» និងគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ហៅកាត់ថា CCA4CS បានរៀបចំទិវាអនាម័យបរិស្ថាននៅតំបន់ សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំង និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងទិវាអនាម័យបរិស្ថានជាតិ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថានជាពិសេសការគ្រប់គ្រងសំណល់រឹងសំរាម សំណល់ប្លាស្ទិកដើម្បីទប់ស្កាត់ការបំពុលសមុទ្រ។

បន្ថែមពីនេះ ក៏ជាវេទិកាលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងជំរុញចលនាមហាជន ក្នុងការធ្វើអនាម័យបរិស្ថាន ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការដាំដើមឈើនៅតាមភូមិ ឃុំ-សង្កាត់ ទីប្រជុំជន និងដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រង និងការលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិ-អន្តរជាតិ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់រដ្ឋបាលខេត្តកែបក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ។

ក្នុងទិវាអនាម័យបរិស្ថានជាតិនេះ អភិបាលខេត្តកែប បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបោសសម្អាតអនាម័យបរិស្ថានដើម្បីខេត្តកែបស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែ ច្រើនថែមទៀត។ ឯកឧត្តមបានថ្លែងថា ខេត្តកែបបានទទួលភ្ញៀវទេសចរយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដែល ចាំបាច់យើងត្រូវយកចិត្តទុកដាក់លើការសម្អាតអនាម័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញពលរដ្ឋចូលរួមដាំដើមឈើក្រោមទិសស្លោកពលរដ្ឋម្នាក់ ដើមឈើមួយដើម ដើម្បីភាពបៃតងរបស់ខេត្តកែប៕ ដោយ៖ សៀង ហៃ