សម្តេចតេជោបើកកិច្ចសន្ទនាជាលើកដំបូងជាមួយលោកបណ្ឌិត យ៉ង់ សាំងកុមារ ក្រោយប្រកាសចុះចូលជាមួយបក្សកាន់អំណាច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកកិច្ចសន្ទនាជាលើកដំបូងជាមួយលោកបណ្ឌិត យ៉ង់ សាំងកុមារ ព្រមជាមួយលោក លោក ឡឹក សុធារ លើការងារកសិកម្ម បន្ទាប់ពីអ្នកទាំងពីរបានប្រកាសចុះចូលនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។

យោងតាមការបង្ហោះលើផេកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី២៨ វិច្ឆិកានេះ សម្តេចតេជោ បានសរសេរថា«ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មឌិត ទីណា និងបណ្ឌិតយ៉ង់ សាំងកុមារព្រមលោក ឡឹក សុធារ លើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។

សូមជម្រាបជូនថា លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកនាំពាក្យគណបក្សនេះ គឺ លោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាចនិងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដោយថា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត យ៉ង សាំងកុមារ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកំពុងគ្រប់គ្រងអំណាចមួយនេះ។

ទាំងលិខិតរបស់បណ្ឌិត យ៉ង សាំងកុមារ និងលិខិតរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលនេះថា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។

លិខិតក្នុងនោះលើកឡើងថា មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម៕ ដោយ៖ ឧត្តម