មន្រ្តីជាន់ខ្ពស់២រូប នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំមករួមរស់ក្នុងគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ពិតជារឿងភ្ញាក់ដែលលោកយ៉ង សាំងកុមារនិងមន្ត្រីជំនិតរបស់លោកម្នាក់ទៀត ឈ្មោះឡឹក សុធារ បានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជា ជាបក្សកំពុងកាន់អំណាចសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោក យ៉ង សាំងកុមារត្រូវបានគេដឹងថា មានជំនាញខាងវិស័យកសិកម្ម ព្រោះមុនមកបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាមួយក្រុមបញ្ញវន្តផ្សេងទៀតដែលចេញមកពីអង្គការក្រៅរដ្ឋាភិបាលនោះ លោក គឺជាប្រធានអង្គការសេដាកដែលជាអង្គការមួយផ្តោតលើវិស័យកសិកម្មជាចម្បង។

មុនស្នើមកបក្សកាន់អំណាចនេះ លោក យ៉ង សាំងកុមារ មានតួនាទីជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានហៅកាត់ថា គបម និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

មូលហេតុដែលនាំឱ្យលោកទាំង២ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារលោកអះអាងថា ពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោល នយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជា គោលនយោបាយផលិតពូជ ស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

នេះបើតាមលិខិតស្នើសុំចូលរួមជីវភាពនយោបាយកាលពីថ្ងៃ២៣ វិច្ឆិកា ហើយផ្សាយជាសាធារណៈយ៉ាងព្រោងព្រាតនាថ្ងៃ២៦ វិច្ឆិការបស់លោកទាំងពីរដែល មានខ្លឹមសារដូចគ្នា។

លិខិតរបស់លោកទាំង២គូសបញ្ជាក់ថា «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាក ដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារ លើវិស័យកសិកម្មរបស់ខ្ញុំ»។

ក្រៅតែពីការធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ ទាំងលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ក៏បានធ្វើលិខិតស្នើសុំសម្តេចតេជោដាច់ដោយឡែកមួយទៀត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ៕ ដោយ៖ រិន ចំរើន