ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី២០០ទីតាំង នឹងដំឡើងទូទាំងកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន BYD Auto Industryដែលជាដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនៃការដំឡើងនេះ នឹងបញ្ចប់ត្រឹមឆ្នាំ២០២៣ ខាងមុខ ។ នេះជាការអះអាងរបស់តំណាងក្រុមហ៊ុន BYD ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២៥ វិច្ឆិកា។

តំណាងក្រុមហ៊ុនបន្តថា គោលដៅគឺការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុ វិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of ២០២២-២០២៣)។

លោកតំណាងក្រុមហ៊ុនបញ្ជាក់ថា “ក្រុមហ៊ុនបានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៣ ។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួង សាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ”។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកកម្ពុជាទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួង ក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ទីតាំង ក្នុងនោះ ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត៕ ដោយ៖ រិន ចំរើន