លោក សៃស៊ុមផន ភូមវិហាន ស្នើឱ្យ សភាកម្ពុជា-ឡាវ ពិចារណាចំនួន០៤ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង

ភ្នំពេញ៖ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវបានស្នើឱ្យសភានៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ពិចារណាចំនួន០៤ចំណុចដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងតទៅមុខ។

ចំណុចសំខាន់ៗចំនួន៤ដែល លោក សៃស៊ុមផន ភូមវិហាន ស្នើក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា រួមមាន៖ ១.បន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញ ២.ជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តចាត់តាំងអនុវត្តកិច្ចព្រមព្រៀង និងគម្រោងនានាឱ្យបានជោគជ័យដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ៣.បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ និង ៤.សូមគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេល វេលាសមស្របណាមួយ។

ទំនាក់ទំនងទ្វេភាគី ឡាវ-កម្ពុជា ត្រូវបានលើកកម្ពស់ជា“ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” និងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំងមានការរីកចម្រើនជាលំដាប់ក្នុងការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោយបាយ ការបរទេស ការពារជាតិ ពាណិជ្ជកម្ម ដឹកជញ្ជូន អប់រំ និងទេសចរណ៍។
ប្រទេសទាំងពីរបានចាត់តាំងអនុវត្តនូវអនុសញ្ញា និងកិច្ចព្រមព្រៀងផេ្សងៗ ដើម្បីនាំយកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងដ៏ល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសភានៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបតិ្តការរបស់ក្រុមមិត្តភាពទ្វេភាគី និងក្រុម CLV។ សភានៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេស AIPA, APF, APPF, ASEP, IPU។ ប្រធានរដ្ឋសភាឡាវសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាំងពីរយូលង់ណាស់មកហើយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់បានពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងស្រស់បំព្រងដែលមិនអាចមានអ្នកណាមកជ្រៀតជ្រែក និងកម្លាំងអមិត្តណាមកបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរបានឡើយ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យដល់រដ្ឋភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍នូវរាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចបានអបអរសាទរចំពោះសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលបានសម្រេចដំឡើងកម្រិតនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ពីកម្រិតប្រធានគណៈកម្មការកិច្ចការបរទេស ទៅកម្រិតប្រធានសភា ដែលកិច្ចប្រជុំប្រព្រឹត្តទៅពីរឆ្នាំម្តង ហើយប្រទេសឡាវនឹងធ្វើជាប្រធានកិច្ចប្រជុំនៅឆ្នាំ២០២៣ខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនប្រធានរដ្ឋសភាឡាវជ្រាបថា ក្រោយវិបត្តិកូវីដ-១៩ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១ និងបានបើកដំណើរការពេញលេញ សង្គមសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី។ យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៥,៤% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះការលើកឡើងរបស់ប្រធានរដ្ឋសភាឡាវ ចំពោះ ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរយូរអង្វែងជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។
ជាមួយគ្នានេះ សម្តេចបានឯកភាពក្នុងការជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំអនុវត្តនូវកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាឱ្យចេញជាលទ្ធផលជាក់ស្តែង ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយវឌ្ឍនភាព។
ទន្ទឹមគ្នានោះ សម្តេចបានឯកភាពចំពោះការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនទំនាក់ទំនងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ព្រមជាមួយគ្នានោះ សម្តេចក៏បានឯកភាពចំពោះសំណើទាំង ០៤ចំណុច។ សម្រាប់ការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចប្រធានព្រឹទ្ធសភាបានទទួលយក និងរកពេលវេលាសមស្របដើម្បីទៅបំពេញទស្សនកិច្ច។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាឡាវ ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ៕
ដោយ៖ គង់ សេដ្ឋាមុនី