រដ្ឋសភាកម្ពុជា-ឡាវប្តេជ្ញាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទាំងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាឡាវប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់​តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។ ការប្តេជ្ញានេះ បន្ទាប់ពីបាន​អញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែល​សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក លោក សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញ​ទស្សន​កិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានរៀបចំ​ទទួល​បដិសណ្ឋារកិច្ចជាផ្លូវការជូន លោក សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ បន្ទាប់មកប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារទ្វេភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។

ក្នុងជំនួបនោះ លោក សាយ សំភូន ភូមវិហាន បានកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រម​ទាំង​កិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជា​ធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរ​ជាតិ។ ប្រធានរដ្ឋសភាឡាវបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជា​មេ​រៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហា​សន្និ​បាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានេះ ប្រធានរដ្ឋសភាប្រទេសទាំងពីរបានគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ច​សហ​ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជា​ដៃ​គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅ​វិញទៅមក។

សម្តេច ហេង សំរិន និង លោក សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញ​សម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍​ត្រី​កោណ (CLV) ដែលរដ្ឋសភាឡាវ នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។

សម្តេច ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់​​ប្រធានរដ្ឋសភាឡាវនេះ។ សម្តេចប្រធានមានសេចក្តីសោមនស្សរីករាយ ជា​ខ្លាំង​ដែលប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ច​ជាផ្លូវ​ការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចប្រធានរដ្ឋសភាកម្ពុជា​ចាត់ទុកការផ្លាស់ប្តូរដំណើរ​ទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមាន​ជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភាប្រទេសទាំងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅ​វិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទាំង​ពីរទៅ​វិញ​ទៅមក។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និង ប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភា​ប្រទេស​ទាំងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីក​កិច្ចសហ​ប្រតិ​បត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេ​ភាគី​និងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍​ប្រទេសទាំងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង៕ដោយ៖ គង់ សេដ្ឋាមុនី