អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើន មុននឹងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ»

ភ្នំពេញ៖ លោក ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ថ្លែង ថា មុន ទទួលបានជយលាភីពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិជាដើម។

ក្នុងកិច្ចជំនួបជាមួយនឹង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក ឡាយ ឈុនហួ បញ្ជាក់ថាកិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថាលោក ពិតជាមានសេចក្ដីសោមនស្សរីករាយចំពោះលទ្ធផលដែលអង្ករកម្ពុជាទទួលបាននេះ ព្រោះវាជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានាលើពិភពលោក លើសពីនេះ។

លោកបន្តថា ការទទួលជ័យលាភីកម្រិតពិភពលោករហូតដល់ទៅ ៥ឆ្នាំនេះ គឺពិតជាមោទនភាពដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា សមាជិកជាដៃគូ សហគមន៍កសិកម្ម ព្រមទាំងប្រជាកសិករ ដែលបានខិតខំប្រឹងប្រែងរាប់ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃអង្ករឱ្យមានគុណភាពកម្រិតស្តង់ដា រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា មានភាពល្បីល្បាញកាន់តែខ្លាំង និងទទួលបានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន។

កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧ ផងដែរ៕ ដោយ៖ ពុទ្ធិពល