ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ។
ក្នុងពិធីបិទ«វេទិកាជាតិអេកូទេសចរណ៍លើកទី៣» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងថា បច្ចុប្បន្នទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយក្តី ក៏បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្តារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិនៅមានកម្រិតទាបនៅឡើយ ។
លោកថា “ក្នុងបរិការណ៍មិនប្រាកដប្រជានេះ ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ និងបន្តប្តេជ្ញាខិតខំប្រឹងប្រែងផ្តល់ការគាំទ្រនានា ដើម្បីស្តារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស”។
លោកបន្តថា ជាក់ស្តែង ដើម្បីគាំទ្រដល់ការស្តារឡើង វិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ មានជាអាទិ៍៖ វិធានការសារពើពន្ធ, ការកសាងហេដ្ឋាចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ដូចជា ៖ ការស្ថាបនាបណ្តាញផ្លូវនៅខេត្តព្រះសីហនុ និង ខេត្តសៀមរាប, ព្រមទាំងការអនុម័តនូវឯកសារយុទ្ធសាស្រ្ត និង គោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ជាដើម ។
លោកបានលើកទៀតថា បទពិសោធន៍ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ បានបង្ហាញឱ្យឃើញពីការ លើកកម្ពស់ចីរភាព និងការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់នៃវិស័យទេសចរណ៍ ។
លោកឧបនាយករដ្ឋមន្រ្តីថា ហេតុនេះទើបរាជរដ្ឋាភិ បាលបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយជាតិ អេកូទេសចរណ៍២០១៩-២០៣០ និងបានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាស្នូលដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យទេសចរណ៍ ជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងកាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ ៕ ដោយ៖ រិន ចំរើន