លោកស្រី ឱ វណ្ណឌីន រំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នការឆ្លងកូវីដ ពេលបុណ្យគ្រីស្ទម៉ាស់ និងថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ​ ៖​ ក្នុងនាមជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាផងនោះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ពីការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ។

នៅសល់ប្រមាណជា១ខែទៀតប៉ុណ្ណោះ បុណ្យគ្រីស្ទម៉ាស់ដែលជាបុណ្យបច្ចឹមប្រទេស និងក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ដែលនៅទូទាំងពិភពលោកប្រារព្ធដូចគ្នា តាមយោងតាមសេចក្តីក្រើនរំលឹក ពីការការពារការចម្លងជំងឺកូវីដលោកស្រី ឱ វណ្ណឌីន បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ឲ្យបានខ្ជាប់ខ្ជួន ។

លោកស្រីថា ក្នុងនោះ ត្រូវបន្តទៅទទួលការចាក់វ៉ាក់ សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី»៕ ដោយ៖ រិន ចំរើន