ការឈ្នះមេដាយ៥គ្រឿងរបស់គុនល្បុក្កតោ ព្រឹត្តិការណ៍យុទ្ធសិល្បិ៍ក្បាច់គុនពិភពលោក ជាពន្លឺបន្ថែម​ឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣

ភ្នំពេញ៖ កីឡាករ កីឡាការិនីគុនល្បុក្កតោចំនួន៨នាក់ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់៤គ្រឿង នៅក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក-IMAC (International Martial Arts Contest)លើ៧​វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយតំណាងសហព័ន្ធកីឡា​គុនល្បុក្ក​តោកម្ពុជាបានចាត់ទុកថា នេះជាពន្លឺបន្ថែមនៃភាពរីកចម្រើនឆ្ពោះទៅជោគជ័យ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ។

លោក អួរ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា គណ:កម្មាធិការរៀបចំការប្រកួត​បាន​បែង​ចែកចំណាត់ថ្នាក់ជា៥គឺលេខ១ដល់លេខ៥ដោយកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជាដណ្តើម​បាន​លទ្ធផលដូចជា៖ ១កីឡាការិនីពិធីច័ន្ទឆវី មេដាយមាស លើវិញ្ញាសាទ្វារមេគុនអាវុធ។ ២.កីឡាករ គីម ទិត្យ សុវឌ្ឈន: មេដាយប្រាក់ ទ្វារមេគុនអាវុធ។ ៣.កីឡាករ អោក រិតធានី និងកីឡាករ យ៉ឹម វុត្ថា មេដាយប្រាក់ ទ្វារមេគុនដៃក្រុម។ ៤.កីឡាករ អ៊ៃ សំអុន និង កីឡាការិនី ស៊ិន សៀវសៀន មេដាយប្រាក់ ទ្វារមេគុន​អាវុធក្រុម។ ៥.កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឍនៈ, ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ស៊ិន សៀវសៀន, យស សញ្ចនា និងពុធ ចាន់ឆវី មេដាយប្រាក់លើវិញ្ញាសាសម្តែងជាក្រុម។ ៦.កីឡាករ ពេជ្រ ពន្លឺ ទទួលបានចំណាត់ថ្នាក់លេខ ៤ទ្វារមេគុនដៃ។ ៧.កីឡាការិនី យស សញ្ចនា ដណ្តើមបានលេខ៥ លើ​វិញ្ញាសាទ្វារមេគុនដៃ។

លោក អួរ តារា បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២នេះ សម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Art Union) បានរៀបចំការប្រកួត International Martial Arts Contest នេះ ដោយមាន១០​ប្រទេស​ចូលរួមប្រកួតប្រជែង បន្ទាប់ពីព្រឹត្តិការណ៍ដូចគ្នានេះបានរៀបចំប្រកួតតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ​២០២១។ លោកបន្ដថា សម្រាប់ការចូលរួមប្រកួតរបស់ក្រុមគុនល្បុក្កតោកម្ពុជាចំនួន១០ (គ្រូបង្វឹក២រូប) រូបត្រូវបានបញ្ជូនដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកអគ្គលេខាធិការរងរូបនេះបានអះអាងយ៉ាងដូច្នេះថា «បើយើងពិនិត្យមើលលើលទ្ធផល​ជាមេ​ដាយមាស និងមេដាយប្រាក់ចំនួន៥គ្រឿង ក្នុងព្រឹត្តិការណ៍ក្បាច់គុនពិភពលោកនេះ គឺជាផលវិជ្ជមាន​នៃ​ភាពរីកចម្រើនលើគុណភាពបច្ចេកទេសបន្ថែមរបស់កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងដំណើរ​ត្រៀម​ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ​ដំបូងរបស់កម្ពុជា»៕ដោយ៖ គង់ សេដ្ឋាមុនី