ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលឱ្យបន្តការពារថែរក្សាពួនជ្រុំនូវសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នាថ្ងៃ២១ វិច្ឆិកា ព្រះអង្គមានព្រះរាជបន្ទូលថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាពដែលសម្រេចបាន ឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង។ សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈមជាប្រពៃណីពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាម កំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សង្គមរបស់យើង»។
ព្រះអង្គមានព្រះរាជបន្ទូលគូសបញ្ជាក់ថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឱ្យមានហិង្សា នយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅ ទៀតអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសហគមន៍អាស៊ាន ដែលទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ឱ្យដឹងទៀតថា ការកើនឡើងនូវភាពតានតឹងនៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគម្រាមកំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។
អង្គព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា ចំពោះបញ្ហាទាំងនោះ អាស៊ានមានគោលការណ៍សំខាន់ៗ ដែលខ្លួនមានស្រាប់ក្នុងការដោះស្រាយ។ ដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មជ្ឈភាពរបស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជនរបស់យើងទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕ ដោយ៖ រិន ចំរើន