សម្តេចតេជោ ៖ អន្តរសភាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ -សកល

ភ្នំពេញ៖ ក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣(AIPA-43) ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” នាថ្ងៃ២១ វិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អន្តរ សភាអាស៊ាន មានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។

ការគូសបញ្ជាក់របស់សម្តេចតេជោនេះ ស្របពេលស្ថានភាពក្នុងពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញយ៉ាងច្រើន។

សម្តេចតេជោបន្តថា «ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ ខ្ញុំសូមគូសបញ្ជាក់ថាអង្គការនីតិបញ្ញត្តិ ជាពិសេសគឺស្ថាប័នរដ្ឋសភាពិតវាមានតួនាទីសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល» ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ក្នុងស្មារតីនេះ ការ ប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ គណៈប្រតិភូអាយប៉ាចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទ សំដៅពង្រឹង កិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនទាំងអស់គ្នា ។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោកក្រោយអាក់ខានជួបគ្នាដោយផ្ទាល់រយៈពេល២ឆ្នាំ ដោយសារកូវីដ។

អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាងឱ្យពលរដ្ឋប្រមាណជិត៧០០ លាននាក់ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។

អាយប៉ាមានសមាជិកចំនួន១០ប្រទេស រួមមាន៖ ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
ដោយ៖ រិន ចំរើន