ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ថ្លែងថាយុវជន គឺជាធនធាន ប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ ក្នុងតំបន់ និងសកល។
ក្នុងពិធីទទួលជួប គណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ទៀតថា ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី ។
តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ លោក ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថាជាមួយការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភា នៃប្រទេសសមាជិកអាយប៉ា និង អាស៊ានជារួម ។
លោកថ្លែងថា៖ «យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានមួយ ពោរពេញទៅដោយកាលានុវត្តភាព និងការចូលរួម ចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។
កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជន វ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួមចំណែកស្របទៅនឹង មូលបទរួមនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់»។ ដោយ៖ ពុទ្ធិពល