ភ្នំពេញ៖ ក្រុមប្រទេសនៃអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) បានចាប់ផ្តើមកិច្ចប្រជុំកម្រិតគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដើម្បីពិនិត្យលើខ្លឹមសារ និងរបៀបវារៈមួយចំនួន ដែលនឹងត្រូវដាក់ឆ្លងក្នុងមហាសន្និបាតពេញអង្គរបស់អាយប៉ា ក្នុងអំឡុងពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ លើកទី៤៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ អាយប៉ា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ មានសមាសភាពចូលរួមដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្ដរសភាអាស៊ាន លើកទី៣, ប្រធានសភាព្រុយណេដារូស្សាឡឹម, ប្រធានសភាឡាវ, អនុប្រធានសភាហ្វីលីពីន, ប្រធានសភា និងអនុប្រធានសភាសិង្ហបុរី, ប្រធានសភាឥណ្ឌូនេស៊ី, ប្រធានសភាថៃ, ប្រធានសភាវៀតណាម។
កិច្វប្រជុំនេះ គឺជាការពិភាក្សា និងអនុម័តលើកម្មវិធីសកម្មភាពមហាសន្និបាតអាយប៉ាលើកទី៤៣ , របៀបវារៈមហាសន្និបាតអាយប៉ាលើកទី៤៣, សមាសភាពរបស់កិច្ចប្រជុំសភាស្រ្តី, សភាវ័យក្មេង, និងគណៈកម្មាធិការមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលរួមមាន៖ កិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា (WAIPA), កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា(YPA), គណៈកម្មាធិការកិច្ចការនយោបាយ, គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច, គណៈកម្មាធិការសង្គមកិច្ច, គណៈកម្មាធិការរៀបចំ, គណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍, និងគណៈកម្មាធិការបូកសរុប។
សូមបញ្ជាក់ថា មហាសន្និបាត លើកទី៤៣ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២នេះ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ានមានជាអាទិ៍៖ ការស្តារសេដ្ឋកិច្ចសហគមន៍អាស៊ាន ការលើកកម្ពស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឌីជីថល ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាដើម។
តាមកម្មវិធីដែលបានកំណត់ទុក គឺពិធីបើកមហាសន្និបាតអាយប៉ាជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ បន្ទាប់មកនឹងមានការថ្លែងសុន្ទរកថាគន្លឹះរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃកម្ពុជារួមមាន៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គឺជាប្រធានមហាសន្និបាតអន្ដរសភាអាស៊ានឆ្នាំ២០២២។
អាយប៉ា គឺជាសភានៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដើម្បីជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ាន។
បើតាមប្រសាសន៍របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា នៅមុនកិច្ចប្រជុំមកដល់បានឱ្យដឹងថា មហាសន្និបាតនៃសភាគ្រួសារអាស៊ាននេះ មានការអញ្ជើញចូលរួមពីបណ្ដាឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ ប្រទេសសមាជិកចំនួន៨ប្រទេស ខណៈសភាប្រទេសម៉ាឡេស៊ីអវត្តមានដោយត្រូវរំលាយអំឡុងពេលបោះឆ្នោតជាតិ ចំណែកឯសភានៃប្រទេសមីយ៉ាន់ម៉ា មិនចូលរួមដោយមានវិបត្តិជម្លោះផ្ទៃក្នុង ព្រមទាំងមានវត្តមានអគ្គលេខាធិការអាយប៉ា អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូមកពីទ្វីបអឺរ៉ុប អាម៉េរិក និងអាស៊ី ដោយសរុបអ្នកចូលរួមជិត៥០០នាក់៕ ដោយ៖ គង់ សេដ្ឋាមុនី