ភ្នំពេញ៖ លោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ សម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ និងបានសម្ដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោក វឿង ឌីញ ហ្វេ បានគោរពសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយមានកម្មវិធីជាច្រើនត្រូវបានរៀបចំឡើង ក៏ដូចជាមានការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ យុវជន និងប្រជាជនផងដែរ។
ប្រធានសភាវៀតណាម ក៏បានសម្ដែងនូវក្ដីរីករាយ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ ១០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនោះ លោក វឿង ឌីញ ហ្វេ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ ឱ្យបានគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក វឿង ឌីញ ហ្វេ ចំពោះការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផង។ សម្ដេចតេជោ បានឯកភាពជាមួយសំណើលោក វឿង ឌីញ ហ្វេ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។
សម្ដេចតេជោ បានមានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អ គឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនង ទាំងផ្នែកនយោបាយ និងផ្នែកដទៃទៀត៕ ដោយ៖ គង់ សេដ្ឋាមុនី