ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមដាក់៦វិញ្ញាសា សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្រាប់វិញ្ញាសាប្រកួត សហព័ន្ធបានរៀបចំចំនួន៦វិញ្ញាសា ដូចជា ទ្រីយ៉ាត្លុងបុរស-នារី ឌូអាត្លុងបុរស-នារី និងអាគ័តត្លុង បុរស-នារី ដែលសុទ្ធសឹងជាវិញ្ញាសាស្តង់ដារ ស៊ីហ្គេម ផងដែរ។ ១. ទ្រីយ៉ាត្លុង បុរស (Triathlon) = ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ៥គីឡូម៉ែត្រ។ ២. ទ្រីយ៉ាត្លុង នារី (Triathlon) = ហែលទឹក ៧៥០ ម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ៥គីឡូម៉ែត្រ។ ៣. ឌូអាត្លុង បុរស (Duathlon) = រត់ប្រណាំង ៥គីឡូម៉េត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៤. ឌូអាត្លុង នារី (Duathlon) = រត់ប្រណាំង ៥គីឡូម៉ែត្រ + ជិះកង់ ២០គីឡូម៉ែត្រ + រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ៥. អាគ័តត្លុង បុរស (Aquathlon) = ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២.៥គីឡូម៉ែត្រ។ ៦. អាគ័តត្លុង នារី (Aquathlon) =ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង២,៥ គីឡូម៉ែត្រ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ថា សហព័ន្ធបានត្រៀមលក្ខណៈក្នុងការយកការរៀបចំ និងការបង្កើនគុណភាពបច្ចេទេសរបស់អត្តពលិកជម្រើស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយប្រភេទកីឡាទ្រីយ៉ាត្លុងនឹងប្រកួតនៅខេត្តកែប ពីថ្ងៃទី២៦-៣០ ខែវិច្ឆិកា ២០២២ ហើយមានកីឡាករ កីឡាការិនីសរុប ៥៣នាក់ មកពី៧ខេត្ត និង២ក្រសួង។ ចំពោះមន្ត្រីរៀបចំប្រកួត ដែលប្រើប្រាស់ដល់កីឡាជាតិលើកទី៣នេះមានចំនួន ៤៥នាក់ លើផ្នែកប្រកួតលើទឹក ផ្នែកកង់ និងរត់ប្រណាំង ខណៈសហព័ន្ធនឹងពិនិត្យមើលលើការងាររបស់មន្ត្រីទាំងអស់ ដើម្បីជ្រើសរើសមន្ត្រីឆ្នើមៗមួយចំនួន សម្រាប់ស៊ីហ្គេម ២០២៣។
លោកអគ្គលេខាធិការបន្ថែមថា ការត្រៀមកីឡាជាតិ លើកទី៣នេះ គឺផ្តោតសំខាន់លើការរៀបចំរបស់មន្ត្រីបច្ចេកទេស និងផ្តល់ឱ្យកីឡាករ កីឡាការិនីទូទាំងប្រទេស ជាពិសេសគឺក្រុមជម្រើសជាតិ បានបង្កើនគុណភាពឱ្យកាន់តែមោះមុត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាទាំងអស់ គឺនឹងចូលរួមប្រកួត តាមរយៈខេត្ត ឬក្រសួង ដែលជាស្ថាប័នដើមរៀងៗខ្លួន។ ការរៀបចំកីឡាជាតិ លើកទី៣នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC និងសាលាខេត្តកែប ដែលជាម្ចាស់ផ្ទះកីឡាជាតិលើកទី៣ និងជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ រៀងរាល់ពីរឆ្នាំម្តងត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ថកីឡាជាតិ បាន៣លើក តាំងពីឆ្នាំ២០១៦ ឆ្នាំ២០១៨ និងឆ្នាំ២០២២ (ឆ្នាំ២០២០ខកខាន ដោយសារកូវីដ-១៩) ក្នុងគោលបំណងសម្រួចគុណភាពនៃការរៀបចំ និងបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីមួយផ្នែកធំ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាជនពិការ (ប៉ារ៉ាឡាំពិក) ចំនួន ៧ សរុប ៤០៥វិញ្ញាសា៕ ដោយ៖ គង់ សេដ្ឋាមុនី