សៀមរាប៖ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: ជូនគណ:ប្រតិភូជាន់ខ្ពស់នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន(ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ ខេត្ដសៀមរាបបានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះជាង២ពាន់នាក់ សម្រាប់ដាក់ពង្រាយ ការពារសន្ដិសុខ សុវត្ថិភាព គណ:ប្រតិភូ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ។ នេះបើតាមមន្ទីរពេ័ត៌មានខេត្តសៀមរាប។
ប្រភពដដែលបានឱ្យដឹងថា លោកឧត្ដមសេនីយ៍ សឿន សេន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍នៅថ្ងៃទី១៧ ខែវិច្ឆិកាថា ការប្រើប្រាស់កម្លាំងជាង ២ពាន់នាក់នេះ គឺមានកម្លាំងនគរបាលខេត្ត, កម្លាំងអង្គភាពនគរបាលបេតិកភណ្ឌ, អង្គភាពនគរបាលទេសចរណ៍, កម្លាំងកងរាជអាវុធហត្ថខេត្ត, កងទ័ពអាកាស និងកងវរ:សេនាតូចស៊ើបការណ៍ នៃយោធភូមិភាគទី៤ ដោយដាក់នៅតាមគោលដៅចំនួន ៣២គោលដៅ រួមមានច្រកទ្វារព្រលានយន្ដហោះអន្ដរជាតិសៀមរាប, នៅតាមដងផ្លូវសំខាន់ៗ និងបណ្ដាគោលដៅសំខាន់ជាច្រើនកន្លែងទៀត។ លោក បន្ដថា កម្លាំងទាំងនេះ បានត្រៀមរួចជាស្រេច ទាំង ៣២គោលដៅក្នុងខេត្ដសៀមរាប។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ទីតាំង ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណ: សុខសុវត្ថិភាព ជូនគណៈប្រតិភូ នៃកិច្ចប្រជុំការពារជាតិអាស៊ាន ដែលធ្វើឡើងនៅក្នុងខេត្ដសៀមរាបនេះ។ ដោយឡែក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដសៀមរាប បានពិនិត្យនៅតាមទីតាំងគោលដៅ ដែលបានកំណត់ដូចជា សណ្ឋាគារសុខាសៀមរាប ទីបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប សណ្ឋាគារ FCC សណ្ឋាគារផាកហៃយ៉ាត់សៀមរាប មហាសណ្ឋាគារអង្គរ ដែលក្នុងនោះ បានពិនិត្យ និងកំណត់ទៅលើទីតាំងបន្ទប់សម្រាប់កិច្ចប្រជុំ បន្ទប់បដិសណ្ឋារកិច្ច ទីកន្លែងទទួលទានអាហារ បន្ទប់ស្នាក់នៅរបស់ភ្ញៀវ ព្រមទាំងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារទាំងនោះ, ពិនិត្យស្ថានភាពភូមិសាស្ត្រតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបផងដែរ។ សមត្ថកិច្ចបានណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារទាំង ៥គោលដៅ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។ កងរាជអាវុធហត្ថ ត្រូវសហការដឹកនាំរៀបចំ ពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារ: និងមធ្យោបាយនាំក្បួនគណ:ប្រតិភូ កំណត់គោលដៅឈរជើងប្រចាំបញ្ជា និងចាត់តាំងកម្លាំងផ្លាស់ប្តូរយាមកាមតាមគោលដៅ ឱ្យបានច្បាស់លាស់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងយន្តការរក្សាសន្តិសុខសុវត្ថិភាព សម្រាប់កិច្ចប្រជុំដ៏មានអត្ថន័យ និងសារ:សំខាន់នេះ ឱ្យមានប្រសិទ្ឋភាពខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន(ADMM Reatreat) និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក លើកទី៩ (ADMM Plus ) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ។ កិច្ចប្រជុំនេះធ្វើឡើង នៅសណ្ឋាគារសុខាសៀមរាប នឹងមានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេសដៃគូអភិវឌ្ឍ និងប្រទេសមហាអំណាច ក្នុងពិភពលោកផងដែរ៕ ដោយ៖ គង់ សេដ្ឋាមុនី