ភ្នំពេញ ៖ ស្ត្រី អ្នកជំនួញ ហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនម្តងទៀតហើយនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ការឃាត់ខ្លួននេះធ្វើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។
សូមបញ្ជាក់ថា ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ក្នុងទឹកប្រាក់ជិត៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ប៉ុន្តែដោយសារមានអ្នកមានឥទ្ធិពល និងទឹកលុយ អន្តរាគមន៍រត់កការដោះលែងបាននៅក្រៅឃុំ ៕ ដោយ៖ រិន ចំរើន