កំពង់ឆ្លាំង ៖គម្រោងស្ថាបនាផ្លូវជនបទ ដែលសាងសង់ផ្លូវដោយក្រាលកៅស៊ូ និងបេតុងប្រវែងសរុប ១២០ គីឡូម៉ែត្រក្រោមការផ្តល់ជំនួយរបស់ចិននៅប្រទេសកម្ពុជាដំណាក់កាលទីពីរបានបញ្ចប់ដោយជោគជ័យ ហើយផ្លូវនេះរំពឹងថានឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងប្រជាជនតាមទីជនបទ។
គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ បានចាប់ផ្តើមដំណើរការ ពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២ បានចំណាយថវិកាសរុបចំនួនជាង៤៧លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ប្រមាណជាង ៤៥,៦ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួនជាង ១,៦ សម្រាប់ធ្វើការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសេវាទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យការអនុវត្តគម្រោង និងសម្រាប់ការងារប្រតិបត្តិការគម្រោង។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន ថ្លែងក្នុងពិធីអបអរសាទរការបញ្ចប់គម្រោងរយៈពេលបីឆ្នាំនេះ ដែលធ្វើឡើងនៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យដឹងថា ផ្លូវនេះគឺជាសមិទ្ធិផលថ្មីសម្រាប់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន ដោយលោកមានប្រសាសន៍ថា មានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងជីវភាពរស់នៅរបស់ប្រជាជន។
លោកបានមានប្រសាសន៍ថា ៖«ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ផ្លូវជនបទ និងទឹកស្អាតជាដើម។ នេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពសម្រាប់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា»។
លោក បានបន្តថា ខេត្តចំនួនប្រាំមួយគឺ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ បានទទួលផលប្រយោជន៍ពីគម្រោងដំណាក់កាលទី 2 នេះ។ លោកថា៖ «ផ្លូវថ្មីទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលពីកសិដ្ឋានទៅទីផ្សារ»។
លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ចាប់ពីឆ្នាំ 2017 មក គម្រោងក្នុងដំណាក់កាលទី1 និងទី2 បានសាងសង់ផ្លូវជនបទចំនួន 25 ខ្សែ ប្រវែងសរុប 155 គីឡូម៉ែត្រ និងស្ពានថ្មីចំនួន 2 កន្លែងក្នុងខេត្តចំនួន 8 របស់កម្ពុជា។
លោកបានមានប្រសាសន៍ថា ៖«ខ្ញុំរីករាយដែលឃើញផ្លូវល្អ និងស្អាតជាច្រើននៅតំបន់ជនបទរបស់ប្រទេសកម្ពុជា ដែលពិតជាឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជា។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់ភាពស្និទ្ធស្នាលរវាងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់មែកធាងនៃមិត្តភាពរវាងចិន និងកម្ពុជាផងដែរ»។
លោក Wu បាននិយាយថា គម្រោងផ្លូវនេះគ្រាន់តែជាគម្រោងមួយក្នុងចំនោមគម្រោងជំនួយជាច្រើនរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនបទរបស់កម្ពុជា។
លោកបានបន្ថែមថា ៖«ខ្ញុំជឿជាក់ថាគម្រោងនេះនឹងរួមចំណែកក្នុងការកសាងសហគមន៍បន្ថែមទៀតជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិន និងកម្ពុជា»៕
ដោយ៖ ពុទ្ធិពល