ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញថា របត់នៃការប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា មានការកើនឡើងជាង ៥០% ខណៈរថយន្តជជុះឬរថយន្តមួយទឹក បានកើនឡើងតែ ១៥% ប៉ុណ្ណោះក្នុងឆ្នាំនេះ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននាំចូលរថយន្តថ្មី មកចរាចរលក់ក្នុងទីផ្សារកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២២នេះ ទីផ្សារទិញលក់រថយន្តនៅកម្ពុជា នឹងមានសន្ទុះកើនឡើងវិញ ដោយសារតែជំងឺកូវីដបានធូរស្រាល ហើយក្នុងនោះអ្នកជំនាញមើលឃើញថា តម្រូវការរថយន្តថ្មីនឹងមានការកើនឡើងច្រើនជាងបណ្ដាលឆ្នាំមុនៗ។
លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor ក្នុងពិធីប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ នាព្រឹកព្រហស្បតិ៍នេះថា តម្រូវការប្រើប្រាស់រថយន្តថ្មី ក្នុងទីផ្សារកម្ពុជានាឆ្នាំ២០២២នេះ ត្រូវបានមើលឃើញថា នឹងមានការកើនឡើងច្រើន ធៀបនឹងឆ្នាំកន្លងទៅ ដោយសារសេដ្ឋកិច្ចកម្ពុជា បាននឹងកំពុងងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ និងការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ពីការនិយមប្រើប្រាស់រថយន្ត១ទឹក ទៅរថយន្តថ្មីវិញ ហើយលោករំពឹងថា កំណើនទីផ្សាររថយន្តថ្មីនៅឆ្នាំ២០២២នេះ នឹងមានសន្ទុះកើនឡើងខ្លាំង។
បើតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាវិញបានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការលក់រថយន្តលក្ខណៈគ្រួសារ មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ ក្នុងនោះ រថយន្តថ្មីកើនឡើងជាង ៥០% ចំណែករថយន្តមួយទឹកកើនឡើងតែ ១៥% ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១នៅឆ្នាំ២០២២នេះ ចំណូលពន្ធគយ ដែលប្រមូលបានពីវិស័យយានយន្ត និងគ្រឿងចក្រមានជាង ២៤៤លានដុល្លារ គឺស្មើនឹងជាង៤២% នៃចំណូលគយសរុបជិត៦០០លានដុល្លារ។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕ ដោយ៖ គង់ សេដ្ឋាមុនី