កម្ពុជា-Swisscontact ផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកបម្រើការទេសចរណ៍ក្នុងខេត្ត៥

(ភ្នំពេញ)៖ អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល៤ឆ្នាំ (២០២១-២០២៤)។

ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយមានអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ជាមួយក្រសួងទេសចរណ៍ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។ ពិធីចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះដែរ គឺបានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន/យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយឡើងវិញនូវវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយបង្កើតបានមូលធនមនុស្សសម្រាប់និរន្តរភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។

លោក ប៉ាក់ សុខុម បានបន្តថា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន១៥០នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់៧៨០នាក់នៅទូទាំងខេត្តទាំង៥ខាងលើនេះ។

សូមជម្រាបជូនថា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១ ១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងបានពង្រីកទំនាក់ទំនងជាមួយដៃគូចម្បងៗ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕ ដោយ៖ សាន សៀងហៃ