ភ្នំពេញ ៖ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតនាយករដ្ឋមន្រ្តីបាន បបួលលោក សម រង្ស៊ីភ្នាល់ដាក់ជីវិតនយោបាយម្តងទៀត។
ការបបួលភ្នាល់ដាក់ជីវិតនយោបាយពីសំណាក់អនាគតនាយករដ្ឋមន្រ្តីកម្ពុជា ទៅលើអ្នកនយោបាយវ័យចំណាស់គេចខ្លួនទៅក្រៅប្រទេសពីសំណាញ់ច្បាប់នេះ ក្រោយលោក សម រង្ស៊ី ចោទថា “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារ សហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹក ចិត្តជនជាតិខ្មែរដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំងបានចាប់ ហើយស្កាត់ទុកលុយ៥លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត”។
ចំពោះករណីនេះ លោក ហ៊ុន ម៉ាណែត ចោទសួរថា អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថា អត់ចេះហត់ទេអីលោក សម រង្ស៊ីអ្នកនយោបាយចាស់វស្សាអើយ? ។
លោកថា លើកមុនលោក សម រង្ស៊ី វាយប្រហារថាសញ្ញាបត្រលោកពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាព។ ដល់ពេលបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។
ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។
ចំពោះការចោទប្រកាន់ជាថ្មីនេះ លោក ហ៊ុន ម៉ាណែត បានសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។
លោកថា “យើងភ្នាល់ដាក់ជីវិតនយោបាយដដែលបើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយ មួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូម លោក សម រង្ស៊ី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ”។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង? ។
លោកបន្តទៀតថា”លោក សម រង្ស៊ី បានចំណាយ ពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈររិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសឲ្យលោក សម រង្ស៊ីហើយ មិនគួរលោកបោះបង់ឱកាស នេះទេ”។
លោកឲ្យដឹងទៀតថា “បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្ស៊ី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ”។
លោកថា ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើនគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួច បិទករណីនេះ ឬយកលុយទៅណាទេ៕ ដោយ៖ រិន ចំរើន