កម្ពុជាបញ្ជូនគ្រឿងចក្រ និងសម្ភារៈកម្ទេចគ្រាប់សរុប៦៩គ្រឿង ទៅចូលរួមបំពេញបេសកកម្ម អង្គការសហប្រជាជាតិ(UN) នៅអាហ្វ្រិកកណ្តាល

ព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា មធ្យោបាយធ្វើដំណើរ និងសម្ភារៈគ្រឿងបំពាក់ដាក់ក្នុងកុងទឺន័រ និងរថយន្តតូចធំចំនួន៦៩គ្រឿង ត្រូវបានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ រថយន្ត គ្រឿងចក្រ និងសម្ភារៈ នៃកងកម្ទេចគ្រាប់ទាំងនេះនឹងឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាមេរូន ដោយចំណាយពេលពី៧៥ថ្ងៃ ទៅ៩០ថ្ងៃ ទើបបានទៅដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា រយៈពេល៣សប្តាហ៍មុនសម្ភារៈទាំងអស់នេះទៅដល់ កម្ពុជានឹងបញ្ជូនកងកម្លាំងកម្ទេចគ្រាប់ចំនួន១០១នាក់ ចេញទៅដើម្បីទទួលមធ្យោបាយនិងសម្ភារៈ នៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាលតែម្តង។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការបញ្ជូនកងថ្មីនេះ ខាងអង្គការសហប្រជាជាតិ សប្បាយចិត្តរីករាយ ដោយកន្លងមកក្នុងមហាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងជំនួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសរសើរថា កម្ពុជាជាប្រទេសតូចតែមានឆន្ទៈខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិ ៕ ដោយ៖ គង់ សេដ្ឋាមុនី