ភ្នំពេញ៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានគូសបញ្ជាក់ពី ការបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យ ប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួប ពិភាក្សាការងារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ជាមួយ លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងខណៈដែល លោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្តាលី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
ក្នុងជំនួបនេះ លោក Anthony Albanese បានសម្ដែងនូវការអប អរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានយ៉ាងជោគជ័យនាពេលនេះ។ ជាមួយគ្នានោះផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងការដឹក នាំរបស់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា។
លោកបានសម្ដែងនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ដែលកំពុងទទួលបានលទ្ធផល ជាផ្លែផ្កាជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្រ្ដីក៏បានគោរពជម្រាបជូនសម្ដេចតេជោថា អូស្ត្រាលី នឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែក ធ្វើឱ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ជាមួយទំនាក់ ទំនងរវាងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយកម្ពុជានាពេលកន្លងមក។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ការជួយរបស់អូស្រ្ដាលី កាលពីឆ្នាំ១៩៨៣ ដែលបានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ជួយកម្ពុជាលើវិស័យកសិកម្ម ការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ជួយកម្ពុជាលើការ អភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍន៍កម្ពុជាតាមរយៈការផ្ដល់ជំនួយផង និងការជំរុញ វិនិយោគមកកម្ពុជា៕ដោយ៖ គង់ សេដ្ឋាមុនី