អ្នកវិភាគនយោបាយកម្ពុជាបញ្ចេញទស្សនៈយល់ឃើញចំពោះអវត្តមានប្រធានាធិបតីចិនក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈដែលប្រធានាធិបតីអាមេរិកចូលរួមដោយផ្ទាល់

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ជាមួយនិងប្រមុខអង្គការសហប្រជាជាតិបានចូលរួម។ ក៏ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺអវត្តមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានចូលរួម ខណៈដែលសហរដ្ឋអាមេរិកមានវត្តមានប្រធានាធិបតី ចូ បៃឌិន ចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំនេះ ខុសពីភាគីចិនដែលនាយករដ្ឋមន្រ្តីចូលរួមទៅវិញ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខ្មែរឈានមុខកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈយល់ឃើញថា វត្តមាននាយករដ្ឋមន្រ្តីចិន លោក លី ឃឹឈាំង នៅកម្ពុជាពេលនេះ ក៏មានអត្ថន័យជាពិសេសសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង មិនបានចូលរួមដោយផ្ទាល់ក៏ដោយចុះ។

សម្រាប់លោកបណ្ឌិត គិន ភា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺជាកិច្ចប្រជុំរវាងប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ដូច្នេះអវត្តមានរបស់ប្រធានធិបតីចិននៅពេលនេះមិនមានន័យថា ចិនទម្លាក់កម្រិតទំនាក់ទំនងជាមួយអាស៊ាននោះទេ ពីព្រោះអាស៊ាននិងចិនមកដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំកន្លងទៅនេះ ហើយចិននៅតែផ្តល់តម្លៃសំខាន់ដល់អាស៊ាន។

ដោយឡែកវត្តមានចូលរួមដោយផ្ទាល់របស់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះវិញ លោកបណ្ឌិត គិន ភា យល់ឃើញថា វាជាការរំលេចឱ្យឃើញពីការផ្តល់សារៈសំខាន់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចំពោះអាស៊ីអាគ្នេយ៍ និងអាស៊ានរបស់យើង ខណៈដែលសហរដ្ឋអាមេរិកក្នុងអំឡុងនៃការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ហាក់ដូចជាសោះអង្គើយជាមួយអាស៊ាន។

នយោបាយសម្លឹងមកអាស៊ីអាគ្នេយ៍ និងនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកមិនមានការផ្លាស់ប្តូរទេសម្រាប់លោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ គ្រាន់តែផ្លាស់ប្តូរយុទ្ធសាស្រ្តតែប៉ុណ្ណោះ។ លោក ដូណាល់ ត្រាំ ចូលចិត្តធ្វើការជាលក្ខណៈទ្វេភាគី និងឯកតោភាគី ដោយឡែកលោក ចូ បៃឌិន ចូលចិត្តធ្វើការជាពហុភាគីគៀងគរសមមិត្តជាដើម។ ក៏ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកធ្វើគ្រប់តែប្រធានាធិបតីសហរដ្ឋអាមេរិក គឺផលប្រយោជន៍សហរដ្ឋអាមេរិកជាចំបងហើយកុំគិតថាសហរដ្ឋអាមេរិកផ្លាស់ប្តូរឱ្យសោះ។ នេះគឺជាបញ្ជាក់របស់លោកបណ្ឌិត គិន ភា។

បើតាមលោកបណ្ឌិត គិន ភា អំណេះនេះតទៅការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក កាន់តែមានភាពស្រួចស្រាលនៅពេលដែលចិនកាន់តែរះឡើង សហរដ្ឋអាមេរិកកាន់តែបារម្ភ។ ដូច្នេះយុទ្ធសាស្រ្តនៃការលោមព័ទ្ធ និងទប់ស្កាត់ឥទ្ធិពលចិនកាន់តែមានបន្តទៅទៀត៕ ដោយ៖ឧត្តម និងពុទ្ធិពល