UN ចង់ឃើញរុស្ស៊ី -អ៊ុយក្រែន សន្ទនាគ្នាដើម្បីបញ្ចប់បញ្ហាភាពតានតឹងដាក់គ្នា

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានបង្ហាញការចង់ឃើញភាគីរុស្ស៊ី និងអ៊ុយក្រែនជួបសន្ទនាគ្នាដើម្បីបញ្ចប់បញ្ហាភាពតានតឹងដាក់គ្នា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ចង់ឃើញមានការបង្កើតនូវលក្ខខណ្ឌផ្សេងៗ សម្រាប់ការសន្ទនារវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីបញ្ចប់បញ្ហាដែលកើតមានឡើង និងឈានទៅរកសន្ដិភាព សម្រាប់ប្រទេសទាំងពីរ។ ការបញ្ជាក់របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ក្នុងសន្នីសីទសារព័ត៌មានក្រោយពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានលើកឡើងថា អ្វីដែលបានកើតមានឡើងនៅអ៊ុយក្រែន គឺជាការបំពាននូវធម្មនុញ្ញបូរណភាពទឹកដីរបស់ប្រទេសមួយ។ លោកអគ្គលេខាធិការក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលបានកើត ឡើងនៅអ៊ុយក្រែន គឺជាការបំពានធម្មនុញ្ញបូរណភាពទឹកដី។ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា ហើយចាប់ផ្តើមសម្លឹងមើលទៅអនាគតដើម្បីសន្តិភាព»។ លោកបានលើកឡើងថា ការងាររបស់អង្គការសហប្រជាជាតិចំពោះបញ្ហាដែល កើតមានឡើង គឺមានភាពច្បាស់លាស់ក្នុងការខិតខំប្រឹងប្រែងជួយស្វែងរកដំណោះស្រាយ។

ជាមួយគ្នានោះដែរ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ក៏បានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយទាំងអស់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញពីឆន្ទៈចង់ឃើញរបបយោធាមីយ៉ាន់ម៉ា អនុវត្តន៍ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង ៥ចំណុច ដែលត្រូវបានដាក់ចេញដោយអាស៊ាន។ លោកអគ្គលេខាធិការរំពឹងថា ឥណ្ឌូណេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៣ នឹងប្រឹងប្រែងដោះស្រាយបញ្ហា នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះផងដែរ។

លោកបានថ្លែងបញ្ជាក់ថា៖ «អ្វីដែលសំខាន់ គឺការអនុវត្តឱ្យបាននូវកិច្ចព្រមព្រៀង ៥ចំណុច (5PCs)។ យើងទុកចិត្តប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងការដោះស្រាយបញ្ហាដែលត្រូវសម្រេចជាចុងក្រោយ ស្តារលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងជឿជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងអាចជំរុញរបៀបវារៈឆ្ពោះទៅមុខជាវិជ្ជមាន ហើយបេសកជនពិសេសរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយបេសកជនអាស៊ាន ដើម្បីបង្កើតលក្ខខណ្ឌដើម្បីបង្កើតការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការរំលោភយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕ដោយ៖ គង់ សេដ្ឋាមុនី