ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោហ៊ុន សែន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញមោទនភាពចំចំពោះប្រទេសកម្ពុជាដែលបានស្វាគមន៍មេដឹកនាំមកពីតំបន់ និងពិភពលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោយមានវត្តមានរបស់ថ្នាក់ដឹកនាំប្រទេសមកពីតំបន់អាស៊ាន និង ពិភពលោកមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅពេលនេះ លោក ហ៊ុន មានី បានសរសេរនៅលើទំព័រហ្វេសបុរបស់ខ្លួនថា តើមនុស្សប៉ុន្មាននាក់ដែលគិតថាកម្ពុជាអាចមានថ្ងៃនេះ? តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?
លោកបានរំលឹកថា ត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជនមួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបំរះចេញពីរបបខ្មែរក្រហមដ៍ខ្មៅងងឹត។ កាលនោះ តើមនុស្សប៉ុន្មាននាក់ដែលគិតថាគាត់អាចទទួលបានជោគជ័យ និងអាចដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ? ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជាត្រូវបន្តរស់ដោយពឹងខ្លួនឯងចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរពីប្រទេសបច្ចិមលោក ដែលមានចេទនាដាក់កម្ពុជាឲ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជាបន្តរស់ដោយខ្លួនឯងយ៉ាងអង់អាច រហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៍រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។
លោកបន្តថា សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញបានកើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្មះ ក្រោមនយោបាយដែលដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិខ្មែរជាធំ។
បើតាម លោក ហ៊ុន ម៉ានី សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋានដ៏រឹងមាំដែលអាចឲ្យកម្ពុជាបោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យសំខាន់ៗផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីកធំធាត់គួរឲ្យកត់សម្គាល់។ ជាង ០២ ទស្សវត្សចុងក្រោយ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦ ប្រទេសលើលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងរង្វង់ ០៧%។
ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់មួយ ដែលគួរឲ្យកត់សម្គាល់។ កម្ពុជា ដែលធ្លាប់តែជាប្រទេសខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និងមនុស្សធម៌ពីបណ្តាប្រទេសនានាលើលោក បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅបណ្តាប្រទេសផ្សេងៗនោះទៅវិញ។ កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹងអង្គការក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។ ក្នុងឋានៈថ្មីៗទាំងនេះ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្របសម្រួលលើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាអ្នកកាច់ចង្កូតនាវាតំបន់ និងអន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ?
លោកបញ្ជាក់ទៀតថា ការអញ្ជើញចូលរួមពីបណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗលើលោកនៅពេលនេះ ឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីតួនាទីដ៍សំខាន់របស់កម្ពុជា ការជឿទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេសណាម្នាក់បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័យនៅថ្ងៃនេះ ជាញើសជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលយើង ជាមួយនឹងការបន្តគាំទ្ររបស់ខ្មែរយើងម្នាក់ៗលើការដឹកនាំដ៏ត្រឹមត្រូវនេះ៕ ដោយ៖ ពុទ្ធិពល