ទីម័រ ស្នើសុំចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រោយមេដឹកនាំអាស៊ានអនុញ្ញាតសម្រេចជាគោលការណ៍ឱ្យម័រឡេស្តចូលជាសមាជិកអាស៊ាន ទី១១ហើយនោះ រដ្ឋាភិបាលប្រទេសនេះ ក៏បានស្នើសុំចូលឱ្យផ្តល់ឋានៈជាសមាជិកពេញសិទ្ធិ នៅក្នុងឆ្នាំ២០២៣ខាងមុខ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ទីម័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ “រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ ហើយក៏ស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិដល់ខ្លួនក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុល ប ង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២”។

ជាមួយគ្នានេះដែរ ទីម័របង្ហាញក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ានឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបានសមិទ្ធផលសំខាន់នានាដែលបានកំណត់ដោយរបាយការណ៍ ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន។

បើតាមសេចក្តីថ្លែងការណ៍ដដែលរបស់ទីម័រនោះ គឺទីម័រ ក៏នឹងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ីផងដែរ។

សូមបញ្ជាក់ថា ការស្នើសុំឱ្យផ្តល់ឋានៈជាសមាជិកពេញសិទ្ធិនេះ បន្ទាប់ពីប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតជាគោលការណ៍ប្រកាស ទទួលស្គាល់ទីម័រជាសមាជិកទី១១ កាលពីថ្ងៃ១១ វិច្ឆិកា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕ ដោយ៖ រិន ចំរើន