ភ្នំពេញ៖ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន បានចេញថ្លែងការណ៍រួមពីការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទ ប្រាំចំណុចថា បញ្ហានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា។
យោងតាមការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទប្រាំចំណុចបានឱ្យដឹងថា នៅក្នុងអំឡុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការអនុវត្ត កិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច ដែលបានឯកភាព នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ានបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ថ្នាក់ដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់ថា «យើងបានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ា នៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន។ យើងបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរម្លឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង ៣៩»។
ក្នុងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានបានឱ្យដឹងទៀតថា ដោយពិចារ ណាថា ស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ា ប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ។ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច កងទ័ពជាតិ មីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំអាស៊ានបានសម្រេចចិត្តថា កិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំ ចំណុចត្រូវតែនៅជាឯកសារយោងដែលមានសុពលភាពរបស់យើង និងគួរតែត្រូវបានអនុវត្តន៍ ទាំងស្រុង។ ទន្ទឹមនេះ ចាំបាច់ត្រូវមានផែនការអនុវត្តន៍ដែលបង្ហាញពីសូចនាករវឹងមាំ ជាក់ស្តែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ដើម្បីគាំទ្រដល់ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ហើយត្រូវតែរៀបចំឡើង។ ប្រគល់ភារកិច្ចជូនរដ្ឋ មន្ត្រីការបរទេសអាស៊ានរៀបចំផែនការអនុវត្តនេះ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំអាស៊ានក៏បានប្រកាសថា នឹងខិតខំឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ប្រកាន់ខ្ជាប់ និងអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងឱ្យអាស៊ានទាក់ទងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់។ ការទាក់ទងនឹងត្រូវធ្វើឡើង ក្នុងឥរិយាបថបត់បែន និងក្រៅផ្លូវការ ជាពិសេស ដោយប្រេសិតពិសេស នៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដោយសារតែអព្យាក្រឹតភាពភ្ជាប់ជាមួយនឹង អាណត្តិរបស់គាត់ ដែលមានគោលបំណងតែមួយគត់ គឺស្ដារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ស្របតាមកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច។
បើតាមសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ខណៈ ដែលរក្សាភាព ជាតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន យើងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានពិនិត្យឡើងវិញបន្ថែមទៀតទៅលើភាពជាតំណាងរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើស្ថានការណ៍តម្រូវ។ «យើងបានបញ្ជាក់សាជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេច ចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងនៅពេល ដែលកុងសង់ស៊ីសមិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន»។
ថ្នាក់ដឹកនាំអាស៊ានបានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធត្រូវតែទទួលខុសត្រូវ ដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។
ជាងនេះទៀត ថ្នាក់ដឹកនាំអាស៊ាបានអំពាវនាវដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យសម្រួលសម្រួលដល់ការងាររបស់អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដល់ប្រជាជនទាំងអស់ ដែលតែត្រូវបាន ផ្ដល់សិទ្ធិអំណាច ដោយទទួលបានស្វ័យភាពសមស្រប ដើម្បីសម្របសម្រួលដល់ការផ្តល់ ជំនួយមនុស្សធម៌មីយ៉ាន់ម៉ា។
ក្នុងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់បន្ថែមថា « អាស៊ាននឹងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅរបស់យើង ឱ្យជួយគាំទ្រយើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច»។ ក្រៅពីនេះ អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ យើងត្រូវពិនិត្យឡើងវិញ នូវសេចក្ដីសម្រេចចិត្តខាងលើនៅក្នុងសម័យប្រជុំនាពេលខាងមុខ ហើយប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីការបរទេស តាមដានភាពជឿនលឿន និងរាយការណ៍មក កិច្ចប្រជុំកំពូលអាស៊ាន៕ដោយ៖ គង់ សេដ្ឋាមុនី