ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានប្រកាសជាថ្មីប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ ទាំងឡាយណាដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។
ការប្រកាសជំហរនេះធ្វើឡើងរួមគ្នារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលនាយករដ្ឋមន្ត្រីចិន បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ភាគីកម្ពុជាបានអះអាង សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» និងប្រឆាំង ចំពោះសកម្មភាព និងពាក្យពេចន៍ទាំងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់» និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ រដ្ឋអធិបតេយ្យ ក្រោមហេតុផលណាក៏ដោយ»។ សេចក្ដីប្រកាសបន្ដថា កម្ពុជាគាំទ្ររាល់ កិច្ចប្រឹងប្រែងរបស់ចិន ក្នុងកិច្ចការពារផលប្រយោជន៍ស្នូល និងសម្រេចបាននូវការបង្រួប បង្រួមជាតិ។
ភាគីចិន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជា ចំពោះជំហរទាំងនេះ។ ទន្ទឹមនេះ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាព កំណត់យកឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ហើយនឹងរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រជាជនទាំងពីរ។
សេចក្ដីប្រកាសបន្ដទៀតថា ភាគីទាំងពីរបានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាម ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផល ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការអនុវត្ត «ផែនការសកម្មភាព ស្តីពីការកសាង សហគមន៍ វាសនារួម កម្ពុជា-ចិន» ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩។
ជាមួយគ្នានេះ ភាគីទាំងពីរនឹងប្រើប្រាស់ឱ្យអស់សក្ដានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់ទំនង រវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហ្វាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើការបង្រ្កាប ការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មនានា តាមរយៈការសម្របសម្រួល កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។
លើសពីនេះទៀត កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែមទៅលើការអនុវត្តកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុមការងាររួមគ្នាកម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុខ ខ្សែក្រវាត់ និងផ្លូវ។
ភាគីទាំងពីរ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែខ្លំាងក្លាលើយុទ្ធសាស្រ្តអភិវឌ្ឍន៍។ ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រទេសទាំងពីរនឹងធ្វើឱ្យ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលបំណងជួយ កម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះ និងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ ចំពោះគម្រោងសំខាន់ៗ ដូចជា គម្រោងអាកាសយាន ដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក នឹងត្រូវបានពន្លឿន។
សេចក្ដីប្រកាសក៏បានលើកឡើងដែរថា ភាគីទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ចបៃតង ការសន្សំសំចៃ និងស័ក្ដិសិទ្ធិភាព នៃថាមពល ព្រមទាំងការកាត់បន្ថយ ការបញ្ចេញឧស្ម័នពុល នៅកម្ពុជា។ ប្រើប្រាស់ឱ្យបាន ពេញលេញនូវយន្តការគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរពង្រីកការនាំចេញផលិ តផលកម្ពុជាដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។ប្រមុខដឹកនាំកម្ពុជា និងចិន ក៏បានផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ កសិកម្មគ្រប់ផ្នែក ភាគីចិនបានបញ្ជាក់សាជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹង ហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា៕ដោយ៖ គង់ សេដ្ឋាមុនី