ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះបាន និង កំពុងប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីភាពចាស់ទុំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ។
នេះបើតាមការបញ្ជាក់របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ បានបង្ហាញឱ្យឃើញ ពីភាពចាស់ទុំរបស់កម្ពុជា និងឱ្យគេយល់ពីជំហររបស់កម្ពុជា ជាពិសេសជំហរបស់កម្ពុជា ដែលចង់បង្ហាញពីមជ្ឈភាពរបស់អាស៊ាន គឺអាស៊ានមិនមែនសម្រាប់ប្រឆាំងនឹងអ្នកណា ឬគាំទ្រអ្នកណាទេ ផ្ទុយទៅវិញអាស៊ានគឺជាមជ្ឈមណ្ឌលសម្របសម្រួលការងារ និងជំរុញ មិត្តភាព។
រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា គោលជំហរនេះត្រូវបានបង្ហាញតាមរយៈការ ចុះហត្ថលេខារបស់អ៊ុយក្រែនក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរបស់អាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសអ៊ុយក្រែនកំពុងមានជម្លោះជាមួយរុស្ស៊ី ដោយប្រទេសមួយចំនួនធំគិតថាកម្ពុជា និងអាស៊ានប្រកាន់ជំហរអព្យាក្រឹត្យនៅក្នុងរឿងនេះ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាបានប្រកាន់ជំហរច្បាស់លាស់ ដូចដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសហើយថា ជំហរកម្ពុជា គឺប្រឆាំងទៅនឹងការគំរាមប្រើកម្លាំង និងការប្រើ កម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយអាស៊ានបានប្រកាន់ជំហរដូចគ្នានៅពេល ដែលយើងទទួលយកអ៊ុយក្រែនជាដៃគូមួយ។
លោករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា មួយវិញទៀត នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង៤១នេះ ក៏មានការចូលរួមពីបណ្តាមេដឹកនាំនៃប្រទេសមហា អំណាចជាច្រើននៅក្នុងស្ថានភាពមួយ ដែលមានការសម្របសម្រួលច្រើនជាងមុន ដែលភាពចាស់ទុំរបស់កម្ពុជាបានបង្ហាញឱ្យឃើញច្បាស់នៅលើជំហរនេះ។
ទន្ទឹមនេះដែរ តាមរយៈកិច្ចប្រជុំធុរកិច្ចកន្លងមក ជាមួយប្រទេសវៀតណាមក្តី និងអាស៊ានក្តី សុទ្ធតែបានបង្ហាញពីភាពរីករាយ ដែលឃើញកម្ពុជាបានបើកចំហរជើង មេឃសម្រាប់ធុរកិច្ចនៅក្នុងតំបន់ ក៏ដូចជាធុរកិច្ចពិភពលោក។
រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងទៀតថា ដែលនេះសុទ្ធតែជាភាពថ្មីមួយដែលបង្ហាញ ពីភាពចាស់ទុំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានបីដងកន្លងមក ដោយក្នុងនាមជា ប្រធានអាស៊ាននៅក្នុងពេលនេះ កម្ពុជារឹតតែបង្ហាញពីជំហរកាន់តែរឹងមាំ និងភាពចាស់ទុំ របស់ខ្លួនក្នុងការដឹកនាំការងារពិភពលោក៕ដោយ៖ គង់ សេដ្ឋាមុនី