ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងផ្តល់ដំណោះស្រាយដើម្បី សម្រេចនូវសមិទ្ធផលសម្រាប់អាស៊ាននៅពេលអនាគត។
ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាសុខា ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុង ពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះ សម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត»។
សម្តេចតេជោបានលើកឡើងថា ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ ឯកសារ ដើម្បីជា មគ្គុទ្ទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើង នាឆ្នាំតទៅមុខ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានបញ្ជាក់ថា នាថ្ងៃខានស្អែក(ថ្ងៃទី១៣) កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បីចែករំលែក ទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ច ប្រកបដោយ បរិយាប័ន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាល ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ។
សម្តេចតេជោបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួមស្តាប់ ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ ថាតើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់ គ្រប់ៗគ្នា បានយ៉ាងដូចម្តេច។ បន្ទាប់ពីបញ្ចប់ពិធីបើកនេះ យើងនឹងមានពិធី តាំងពិព័រណ៍ រូបថត ស្តីពីការចូលរួមចំណែករបស់កម្ពុជា ក្នុងសហគមន៍អាស៊ាន រយៈពេលពីរទសវត្សរ៍ មកនេះ ដែលខ្ញុំសូមអញ្ជើញអ្នក ទាំងអស់គ្នា ចូលរួមទស្សនារូបថតទាំងនេះ កុំបីខាន»។
សម្ដេចតេជោក៏បានលើកឡើងទៀតថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គ្នាបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រី ផ្សេងទៀត នាពេលកន្លងមក ជាមួយនឹង លទ្ធផលគួរជាទីគាប់ចិត្ត ។ ទាំងនេះបង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា «ខ្ញុំជឿជាក់ថា ស្មារតី សហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ»។ ទន្ទឹមនេះដែរ សម្តេចតេជោបាន ថ្លែងបញ្ជាក់ទៀតថា ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបាន កសាង និងថែរក្សានោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាម ជាច្រើនឆ្នាំ ហើយយើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេលអនាគត។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណ តម្លៃពិតប្រាកដ នាពេលនេះ។ សូមយើងទាំងអស់គ្នា ផ្តោតលើគោលបំណងរួមនៃ ការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ»៕ ដោយ៖ គង់ សេដ្ឋាមុនី