ភ្នំពេញ៖ ថ្វីត្បិតតែប្រធានាធិបតី អ៊ុយក្រែន ពុំមានឱកាសថ្លែងសុន្ទរកថា ក្នុងវេទិកានៃកិច្ចប្រជុំកំពូលអាស៊ានតាមវីដេអូក៏ដោយ ប៉ុន្តែវត្តមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ពិតមានសារៈសំខាន់។ នេះជាគូសបញ្ជាក់របស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងសន្និសីទបូកសរុបលទ្ធផលប្រជុំកំពូលអាស៊ាននៅល្ងាចថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២។
លោក គង់ ភោគ បានថ្លែងថា ក្នុងនាមយើងជាប្រធានអាស៊ានគឺយើងចង់ជួយគ្រប់ភាគីពាក់ព័ន្ធឱ្យអស់ពីលទ្ធភាពដើម្បីកសាងសន្តិភាពនៅអ៊ុយក្រែន ដោយសារ យើងមើលឃើញពីសារៈសំខាន់នៃការកសាងសន្តិភាព និងការរក្សាស្ថេរភាព។ ជាក់ស្ដែង នៅក្នុងតំបន់យើង មូលហេតុចម្បងដែលធ្វើឱ្យយើងរីកចម្រើនរហូតមកទល់ពេលនេះ ក៏ដោយសារយើងមានសន្តិភាព និងស្ថេរភាពដែរ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ ក៏បានគូសបញ្ជាក់ពីភាពខុសគ្នានៃប្រទេសសមាជិកអាស៊ាន ប៉ុន្តែអាស៊ានអាចគ្រប់គ្រងភាពខុសគ្នាបាន មិនបានជំរុញឱ្យដល់ស្ថានភាពមួយដែលមានការប៉ះទង្គិចគ្នា ឬក៏រហូតដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធឡើយ។ ភាពខុសគ្នារបស់សមាជិកអាស៊ានៗ អាចជជែកគ្នានៅតុលើចរចាឬកិច្ចប្រជុំជាបាន។
បើតាម លោក គង់ ភោគ «យើងមើលឃើញពីសារៈសំខាន់នៃវត្តមានសន្តិភាព និងស្ថេរភាពដើម្បីជាគ្រឹះនៃការកសាងតំបន់របស់យើង ដូចគ្នាយើងក៏ចង់ឃើញសន្តិភាព និងស្ថេរភាពក្នុងតំបន់អ៊ុយក្រែនផងដែរ ដូច្នេះអាស៊ានត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលភាគីពាក់ព័ន្ធគាត់មើលឃើញពីតួនាទីរបស់អាស៊ានក្នុងការជួយសម្របសម្រួល ជាពិសេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន»៕ ដោយ៖ គង់ សេដ្ឋាមុនី