ភ្នំពេញ៖ លោក ផាម មិញជីញ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម ទើបឡើងកាន់តំណែងកាលពីដើមឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់របស់ប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម ។
យោងតាមសេចក្ដីថ្លែងការណ៍រួម ក្រោយបញ្ចប់កិច្ចជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងវៀតណាម នៅថ្ងៃទី៩ វិច្ឆិកា បានឲ្យដឹងថា ភាគីកម្ពុជាបានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់កងទ័ព និង ប្រជាជនវៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ក្នុងទស្សវត្សរ៍១៩៧០ និង១៩៨០ និងការគាំទ្ររបស់វៀតណាម ចំពោះការកសាង និងអភិវឌ្ឍជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍បបញ្ជាក់ថា «ចំពោះភាគីវៀតណាមវិញក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់ របស់ប្រជាជនកម្ពុជាក្នុងការតស៊ូ ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម នៅក្នុងទសវត្សរ៍១៩៦០ និង ១៩៧០ និងការគាំទ្ររបស់កម្ពុជា ចំពោះការកសាង និងអភិវឌ្ឍជាតិ» ។
ក្នុងន័យនេះ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញ និងពង្រឹងស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ៕ ដោយ៖ រិន ចំរើន