ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំវៀតណាមគឺលោក ផាម មិញជីញ បានរួមគ្នាឯកភាព លើតម្រូវការចុះកិច្ចព្រមព្រៀងស្តីពីច្រកព្រំដែនគោករវាងប្រទេសទាំងពីរ ។
កិច្ចព្រមព្រៀងនេះ នឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែននាពេលខាងមុខ ។ នេះយោងតាមសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាមក្រោយបញ្ចប់កិច្ចជំនួបរវាថ្នាក់ដឹកនាំកំពូលទាំង២កាលពីថ្ងៃទី៩ វិច្ឆិកា ។
ពាក់ព័ន្ធព្រំដែនដដែលនេះដែរ ទាំងសម្ដេចតេជោ និងលោក ផាម មិញជិញ ក៏បានបង្ហាញការពេញចិត្ត ជាមួយនឹងលទ្ធផលសម្រេចបានប្រមាណ ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។
ជាមួយគ្នានេះដែរ ភាគីទាំង២ក៏ជម្រុញឲ្យគណៈកម្មធិការចម្រុះ ព្រំដែនកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះកិច្ចការនៅសេសសល់ ១៦% ស្របតាមសន្ធិសញ្ញាព្រំដែន ។
ជាបន្តទៀតនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ក៏បានឯកភាពក្នុងការលើកកម្ពស់ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖ តាមរយៈការបើក និងដំឡើងកម្រិតច្រកព្រំដែនដែលបានព្រមព្រៀងគ្នាដោយប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាមទៅជា ច្រកព្រំដែនដែលបានកំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនទំនិញរវាងរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលវៀតណាមដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ ៕ ដោយ៖ រិន ចំរើន