ភ្នំពេញ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាន៍ អះអាងពីការបន្តជួយកម្ពុជាឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងបានផ្តល់ជំនួយចំនួន ២០០លានយន់ដល់កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និងបន្តជួយដល់វិស័យជាច្រើនទៀត។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបទ្វេភាគី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកLi Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនោះលោក លី ខឺឈាង បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងដែលស៊ីជម្រៅលើគ្រប់វិស័យ។ លោកមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ ហើយក៏បានសម្ដែងនូវការរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍយ៉ាងឆាប់ឆាប់រហ័ស។
លោក នាយករដ្ឋមន្រ្តីបានបន្តថា ទោះបីយ៉ាងណាក៏ដោយ ចិននៅតែបន្តជួយដល់កម្ពុជាឱ្យទទួលបានវឌ្ឍនភាពថែមទៀត ក្នុងនោះចិននិងបន្តផ្ដល់ជំនួយបន្ថែមដល់កម្ពុជាលើវិស័យជារួម មានទឹកប្រាក់ចំនួន ២០០ លានយន់ សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា ជួយដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់វិស័យសុខាភិបាល ជួយដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយស្ថាបនាស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ជួយស្ថាបនាផ្លូវដែកតភ្ជាប់ពីកម្ពុជា-ថៃ-ឡាវនិងប្រទេសចិន និង ជាពិសេសទៀត រួមទាំងជួយដល់កម្ពុជាលើវិស័យកសិកម្មធ្វើយ៉ាងណាឱ្យកសិផលផលិតផលកម្ពុជាមានគុណភាពអាច នាំចេញទៅប្រទេសចិនស្របតាមកូតាដែលបានប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅកាន់ប្រទេសក្រៅផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ខឺឈាង និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផង និងចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតផង។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងការបញ្ជាក់ផ្តល់ជំនួយជួយដល់កម្ពុជា ឱ្យមានការរីកចម្រើននិងវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះភាគីចិន ដែលកន្លងមកបានធ្វើជាបង្អែកក្នុងការផ្ដល់វ៉ាក់សាំងជូនដល់កម្ពុជាឆ្លងផុតអំពីការរាតត្បាតនៃកូវីដ ១៩ និងអាចបើកប្រទេសឡើងវិញនិងបើកសេដ្ឋកិច្ចឡើងវិញ។ ជាមួយនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរជូនដល់ភាគីចិន ចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធែងរបស់បក្សកុម្មុយនីស្តចិន និងជូនពរមិត្តចិនឱ្យសម្រេចបាននូវការកសាង និងការអភិវឌ្ឍជាច្រើនថែមទៀត ជាពិសេសឈានទៅសម្រេចបានគោលដៅ ១០០ឆ្នាំលើកទី២ ក្នុងការកសាងប្រទេសសង្កមនិយមបែបទំនើប ។ សម្តេចតេជោ ក៏បានអបអរផងដែរខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងភាពជោគជ័យនៃសមាជជាតិបក្សកុម្មុយចិនលើកទី ២០៕ ដោយ៖ គង់ សេដ្ឋាមុនី