រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ៖ ប្រជាជនអ៊ុយក្រែនចង់បានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យដូចកម្ពុជា

ភ្នំពេញ ៖ ក្នុងគ្រាប្រទេសអ៊ុយក្រែនកំពុងញាំញីទៅដោយសង្គ្រាមបង្កឡើងដោយប្រទេសមហាអំណាចរុស្សីនៅក្បែរភូមិផងរបងជិតគ្នាអស់រយៈពេលប្រមាណជា១ឆ្នាំមកនេះ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងជំនួសប្រជាជនខ្លួនពីក្តីប្រាថ្នាចង់បានដូចកម្ពុជា លើផ្នែកសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងជំនួបជាមួយសម្តេចតេជោ ក្នុងឱកាសលោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃ៩ វិច្ឆិកា នេះ លោក ដឹមីត្រូ គូលេបា បានអគុណសម្តេចតេជោ បានចេញសេចក្តីថ្លែងការណ៍តាមរយៈរដ្ឋមន្ត្រីការបរទេស អាស៊ានការ គាំទ្របង្ហាញ ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែនដែលបាននិងកំពុងកើតឡើងមានដោយទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។

លោកបន្តទៀតថា “ពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន”។

ជាការឆ្លើយតប សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។

សម្តេចបន្តថា ជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនគឺការប្រកាន់ភ្ជាប់ និង គោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពានប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យនិង មិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ៕ ដោយ៖ រិន ចំរើន