ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន ២.៦៦៥ នាក់ មកពីអង្គការសមាគមចំនួន ៦ ដូចខាងក្រោមៈ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមនារីកម្ពុជាដើម្បីសន្តិ-ភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម គណៈកម្មាធិការដើម្បីការបោះ-ឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សមាគមបណ្ដាញសង្គមស៊ីវិលកម្ពុជា សមាគមរាជសីហ៍ និង សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ក្រៅពីនេះ គជប ក៏កំពុងពិនិត្យ លើសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ផងដែរ។
បើតាម គជប អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។
អ្នកសង្កេតការណ៍ជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតដែលបានអនុម័តដោយ គ.ជ.ប៕ ដោយ៖ ពុទ្ធិពល