ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានសម្រេចបណ្ដេញចេញជនបរទេសចំនួន១៣០នាក់បន្ថែមទៀត ក្រោយសមត្ថកិច្ចចាប់បានពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់ ហើយបានហាមឃាត់មិនឲ្យចូលកម្ពុជាវិញរយៈពេល៣ឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង១៣០នាក់នេះ មាន២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមចំនួន២០នាក់ និងជនជាតិចិនចំនួន១១០នាក់។
ពួកគេត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកត្រពាំងផ្លុងជាប់ទឹកដីវៀតណាម។
ជនបរទេសចំនួន១៣០នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលកម្ពុជាវិញរយៈពេល៣ឆ្នាំ៕ ដោយ៖ រិន ចំរើន