កម្ពុជា-វៀតណាម ចុះហត្ថលេខា លើឯកសារចំនួន១១

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅកម្ពុជា ភាគីទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ(Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយថ្នាក់ដឹកនាំទាំង២បានបញ្ចប់ជំនួប។

ឯកសារទាំង១១នោះរួមមាន៖
១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។
២៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។
៣៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

៤៖ កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល វៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នា ក្រោមក្របខណ្ឌនៃមាត្រា ៥៦(១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការ ដែលទទួលបានប្រតិភូកម្មអំណាច (សហភាពអឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។

៥៖ កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក ១៨(៣)(ខ)នៃបទប្បញ្ញត្តិគយ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
៦៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ សម្រាប់ឆ្នាំ២០២២–២០២៥។
៧៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមស្តីពីការធ្វើសហប្រតិបត្តិការ លើវិស័យប្រៃសណយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។

៨៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការនិងសាសនាកម្ពុជា និងគណៈកម្មាធិការជនជាតិវៀតណាម។
៩៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
១០៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែក នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។
១១៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថេល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
ដោយ៖ រិន ចំរើន